គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សនកិច្ចរបស់ស្ថាបិកក្រុមហ៊ុន Evaan Market នៅក្រុមហ៊ុនខនហ្វីរេល

កាលបរិច្ឆេទ: ០៧ មីនា ២០២៣

បង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ២០១៩ Evaan Market ជាក្រុមហ៊ុនលក់តាមអនឡាញនូវផលិតផលពិសេសៗ ផលិតផលដើម និងផលិតផលបែបប្រពៃណីមកពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសមកពីប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់ឪពុកម្តាយលោកថុង តារា ស្ថាបនិកក្រុមហ៊ុន។ ក្នុងឱកាសដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាកាលពីខែកុម្ភៈកន្លងមកនេះ លោកថុង តារា​ បានមកទស្សនារោងចក្រផលិតរបស់ក្រុមហ៊ុនខនហ្វីរេល ដែលក្រុមហ៊ុនរបស់លោកបានផ្សព្វផ្សាយលក់ផលិតផលរបស់ក្រុមហ៊ុននេះផងដែរ។  រូបលោកត្រូវបានទទួលស្វាគមន៍ដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង។

ទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងៗពីសំណាក់បងប្អូនជនជាតិអាស៊ីដែលរស់នៅប្រទសបារាំង ក្រុមហ៊ុន Evaan Market មានបំណងធ្វើអាជីវកម្មប្រកបដោយសម្បជញ្ញ

ៈ ក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់ តាមរយៈការលក់តាមអនឡាញដែលជួយផ្សព្វផ្សាយលើកតម្លៃវប្បធម៌ សិប្បកម្ម អ្នកផលិត និងអាជីវករតូចតាចនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

Evaan Market ដែលមានលក់ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលផងដែរនោះ មិនមែនគ្រាន់តែជាក្រុមហ៊ុនលក់ផលិតផលតាមអនឡាញធម្មតាប៉ុណ្ណោះទេ ព្រោះថាក្រុមហ៊ុននេះបានឆ្លុះបញ្ចាំងពីជ្រុងមួយនៃ​ «ការងាកត្រឡប់ទៅចាប់អារម្មណ៍លើវប្បធម៌អាស៊ី» របស់ស្ថាបនិក និងអ្នកទាំងឡាយណាដែលបានអមដំណើរលោក។

ក្នុងពេលកំពុងទស្សនារោងចក្រ លោកថុង តារា បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ៖ «ដោយសារតែមានការរើសអើងដែលខ្ញុំធ្លាប់បានហែលឆ្លងកាត់កាលពីវ័យកុមារ ព្រោះតែខ្ញុំមានដើមកំណើតជាជនជាតិអាស៊ី មុនដំបូងខ្ញុំបានបដិសេធមិនទទួលស្គាល់វប្បធម៌ខ្មែរ។ ខ្ញុំមិនស្គាល់ប្រវត្តិសាស្រ្ត វប្បធម៌របស់យើងទេ។ ប៉ុន្តែ ក្រោយមក ខ្ញុំក៏ចាប់ផ្តើមងាកមកចាប់អារម្មណ៍ទៅលើរឿងនេះ ហើយមានមោទនភាពចំពោះវប្បធម៌ខ្មែរទៀតផង។ ចាប់ពីពេលនោះមក ខ្ញុំតែងតែព្យាយាមបង្ហាញឲ្យគេស្គាល់ពីវប្បធម៌អរិយធម៌ខ្មែរ»។

អ៊ីចឹងហើយបានជាស្របពេលដែលលោកកំពុងបំពេញអាជីពដំបូងជាអ្នកលក់សម្លៀកបំពាក់ស្រាប់ ហើយក្រោយមកនៅអាយុ២៣ឆ្នាំ បានក្លាយជាអ្នកគ្រប់គ្រងហាងសម្លៀកបំពាក់ប្រេនមួយ លោកក៏បានបង្កើតសមាគមវប្បធម៌ និងមនុស្សធម៌ដែលមានឈ្មោះថា សាមគ្គីកូនខ្មែរ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធម្នាក់នៅឆ្នាំ២០១៣។ សមាគមនេះរៀបចំព្រឹត្តិការណ៍ជាច្រើនដែលផ្សព្វផ្សាយលើកកម្ពស់សិល្បករខ្មែរ ចូលរួមសកម្មភាពវប្បធម៌នៅប្រទេសបារាំង និងចូលរួមការងារមនុស្សធម៌នៅប្រទេសខ្មែរ។

លុះមកដល់ឆ្នាំ២០១៧ លោកថុង​ តារា ក៏បានបង្កើតចលនាមួយឈ្មោះថា សប្បាយ តាមរយៈការកែច្នៃម៉ូតសម្លៀកបំពាក់ដែលមានតែមួយគ្មានពីរ ដោយធ្វើការបញ្ចូលគ្នារវាងវប្បធម៌ពីបរមបុរាណ និងវប្បធម៌បែបស៊ីវិល័យ។ បន្ទាប់មក នៅឆ្នាំ២០១៩ លោកក៏បានបង្កើតក្រុមហ៊ុន Evann Market & Services នេះឡើង។

នៅលើទំព័រអ៊ិនធឺណេតរបស់លោក ស្ថាបនិកក្រុមហ៊ុនរូបនេះបានពន្យល់យ៉ាងដូច្នេះ៖ «មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀតនៃវត្តមានរបស់ក្រុមហ៊ុន Evann គឺយើងមានបំណងជួយគាំទ្រអាជីករតូចតាច ជួយដល់អ្នកបង្កើត ឬសិល្បករ តាមរយៈការនាំចេញផលិតផល និងស្នាដៃរបស់ពួកគេទៅបណ្តាប្រទេសនានានៅលើសកលលោក។ ដូច្នេះ ការចូលរួមចំណែកទិញរបស់លោកអ្នកគឺផ្តល់ផលប្រយោជន៍ផ្ទាល់ទៅដល់ពួកគេ និងជួយឲ្យពួកគេបង្កើនប្រាក់ចំណូលបន្ថែម ដើម្បីអាចឲ្យពួកគេពង្រីកសកម្មភាពរបស់ពួកគេ។ គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើនទៀតរបស់ក្រុមហ៊ុនEvann គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងជនជាតិអាស៊ីដែលរស់នៅឯនាយសមុទ្រទៅនឹងវប្បធម៌អរិយធម៌របស់ពួកគេ និងធ្វើការផ្សព្វផ្សាយ ចែករម្លែកភាពសម្បូរបែបរបស់អាស៊ីអាគ្នេយ៍ទៅដល់អ្នកទាំងឡាយណាដែលមានចំណាប់អារម្មណ៍ទៅលើវា»។ 

គឺក្នុងបំណងនេះហើយដែលក្រុមហ៊ុន Evann រៀបចំព្រឹត្តិការណ៍ជាច្រើនទាក់ទងនឹងសមាគមជនជាតិអាស៊ីរស់នៅប្រទេសបារាំង និងអ្នកទាំងឡាយណាដែលចាប់អារម្មណ៍ទៅលើវប្បធម៌អាស៊ី។ ប្រាកដណាស់ថាយើងនឹងចុះផ្សាយព្រឹត្តិការណ៍ទាំងនោះលើព្រឹត្តិបត្រសារព័ត៌មានរបស់យើង៕